កាលគ្រាដំបូងបងចូរសុំស្នេហ៍ ថាថ្នាក់ថ្នមថែលុះមរណា
ពេលបានកៀកកិតនែបនិត្យកាយា ស្គាល់តែដបស្រាស្នេហាខុសមុន។
កាលណោះបងបានស្បថស្បែសច្ចា មានទាំងលោកតាប្រោះព្រំទឹកមន្ត
ដល់ពេលអូនមានពពោះទម្ងន់ ចិត្តបងលែងធ្ងន់ធន់ដូចមុនឡើយ។
ពែងស្រាដបស្រាស្នេហាខ្សោយទុន ដួងចិត្តប្រពន្ធទារុណឥតស្បើយ
មិនដឹងពេលណាខ្ញុំបានល្ហែល្ហើយ ឱះឱ!
ប្តីអើយអាណិតកូនផង។
មួយថ្ងៃក៏ផឹក ពីរថ្ងៃក៏ផឹក បងផឹករម្លឹកអ្វីដែរស្នេហ៍ស្នង?
អូនស្ទើរមិនជឿថានេះជាបង ផឹកទាល់ដាំដូងក្បាលជាប់នឹងដី។
បើបងផឹករឭកអនុសារ អូនក៏មិនថាឱ្យដែលណាប្តី
តែនេះបងផឹកលែងគិតធ្វើអ្វី ដាំក្បាលជាប់ដីមានឆ្កែលិឍមាត់។
កូនមួយ កូនពីរបងធ្វើឫកហំ បងពិតជាចំប្តីមានមុខមាត់
ទៅណាមកណាចិនរុំហ៊ុមព័ទ្ធ សរសើរគ្រប់មាត់ថាអាជាប់គុក។
បើអូនបានដឹងតាំងពីដំបូង ទោះបងលួងលោមដល់ក្នុងបន្ទប់
នឹងឆ្លើយថាទេទោះមានបន្ទុក អ្នកម្តាយឪពុកបង្ខំរៀបការ។
ខ្ញុំសុំស្មារលាប្តីកិត្តិយស រស់នៅមានឈ្មោះប្តីឥតបានការ
មិនចេះរកលុយចេះត្រឹមផឹកស្រា ឱះឱ!
ទេព្តាកុំឱ្យជួបទៀត៕
ថ្ងៃ សៅរ៍ ១កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០/ ២៨ មករា ២០១៧