Sunday, November 5, 2017


គ្រាន់តែងនិពន្ធខុសដែរមែន? 


១/ និពន្ធសរសេរបងថាមិនសម            បងផឹកពិតហំជាងខ្ញុំអ្នកស្មេរ 
ស្រាសស្រាថ្នាំស្រាបៀជាកេរ      ស្រុកយើងស្រុកគេមានច្រើនហៀរហូរ។

២/ ស្រាសស្រាថ្នាំមានមេដំបែ              គាត់ថាកេរខ្មែរថែទុកពេញពោរ 

ស្រាបៀផងដែលៗគេបញ្ចូល                ប្រាង្គខ្មែរបញ្ឈរបង្អួតទេសចរ។

បន្ទរ/ គ្រាន់តែងនិពន្ធពិតមានកំហុស     សូមទោសផងចុះបើខុសមាត់ក 

តែប្អូនសូមផ្តាំដូចសុំអង្វរ                     បងឈប់បន្តផឹកស៊ីទៀតទៅ។

៣/ ស្រាសស្រាថ្នាំប៊ីយេរផងដែរ        បើបងគិតម៉ែហើយអាណិតឪ 

សូមបងលះបង់សុរាចេញទៅ              វាជាសត្រូវបំផ្លាញគ្រប់យ៉ាង៕
---------------+++----------------
បញ្ជាក់៖ 
+ សុរា (ន.)(សំ.),(បា.)(--រ៉ា)ទឹកស្រវឹង មានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ។
+ ប៊ីយេរ អានថា ប៊ីយែរ (ន.)ឈ្មោះ មេរ័យ មួយប្រភេទ មានប្រភព ឯបរទេស (បារ. Bière) ខ្មែរភាគច្រើនហៅ មេរ័យ ប្រភេទនេះថា ស្រាបៀ (អ. Beer), អ្នកខ្លះហៅ ឡាប់យេរ, ខ្លះហៅ ឡាបយ៉េរ ក្លាយសំឡេងមកពី បារ. La bière នុះ ឯង។
+ មេរ័យ (ន.)(បា.),(សំ.)(មេរ៉ៃ) (មេរយ; មៃរេយ) ទឹកស្រវឹង ដែលធ្វើដោយត្រាំគ្រឿងផ្សំផ្សេងៗ (ដូច យ៉ាងទឹក ត្នោតជូរ ជាដើម, ទីទៃ ពី សុរា) : ផឹកមេរ័យ, វៀរចាកសុរា និង មេរ័យ

Saturday, November 4, 2017



ថ្វាយព្រះពរ
សូមថ្វាយព្រះពរដល់ក្សត្រា                ទ្រង់ជាបិតានៃនគរ
កម្ពុជរដ្ឋឋិតនឹងន                        ដោយសារជំហរអង្គក្សត្រា។
ទូលព្រះបង្គំយើងខ្ញុំជា                 ប្រជានុរាស្ត្រនៃបិតា
កូនសូមបួងសួងអស់ទេព្តា                 ថ្វាយសាធុការទ្រង់សុខសាន្ត។
សូមគុណបារមីព្រះត្រ័យរត្ន               ស្វេតច្ឆត្រព័ន្ធព័ទ្ធថែសព្វឋាន
ប្រោះព្រំថ្វាយពរទ្រង់ក្សេមក្សាន្ត         រោគាសាមាន្យប្រាសចាកឆ្ងាយ។
សូមអង្គក្សត្រាគង់ជាម្លប់                ទាំងថ្ងៃទាំងយប់កុំបីក្លាយ
ត្រជាក់ត្រជំនែបនិត្យកាយ                 នឹងរាស្រ្តទាំងឡាយដរាបអើយ៕

និពន្ធដោយព្រះមហា ជួន វុឌ្ឍ
កែសម្រួលដោយព្រះមហា លាង សុវណ្ណ
វត្ត សំពៅមាស ក្រុងភ្នំពេញ


កិត្តិយសប្តីខ្ញុំ
កាលគ្រាដំបូងបងចូរសុំស្នេហ៍                ថាថ្នាក់ថ្នមថែលុះមរណា
ពេលបានកៀកកិតនែបនិត្យកាយា          ស្គាល់តែដបស្រាស្នេហាខុសមុន។
កាលណោះបងបានស្បថស្បែសច្ចា        មានទាំងលោកតាប្រោះព្រំទឹកមន្ត
ដល់ពេលអូនមានពពោះទម្ងន់                ចិត្តបងលែងធ្ងន់ធន់ដូចមុនឡើយ។
ពែងស្រាដបស្រាស្នេហាខ្សោយទុន         ដួងចិត្តប្រពន្ធទារុណឥតស្បើយ
មិនដឹងពេលណាខ្ញុំបានល្ហែល្ហើយ           ឱះឱ! ប្តីអើយអាណិតកូនផង។
មួយថ្ងៃក៏ផឹក ពីរថ្ងៃក៏ផឹក                        បងផឹករម្លឹកអ្វីដែរស្នេហ៍ស្នង?
អូនស្ទើរមិនជឿថានេះជាបង                  ផឹកទាល់ដាំដូងក្បាលជាប់នឹងដី។
បើបងផឹករឭកអនុសារ                           អូនក៏មិនថាឱ្យដែលណាប្តី
តែនេះបងផឹកលែងគិតធ្វើអ្វី                    ដាំក្បាលជាប់ដីមានឆ្កែលិឍមាត់។
កូនមួយ កូនពីរបងធ្វើឫកហំ                   បងពិតជាចំប្តីមានមុខមាត់
ទៅណាមកណាចិនរុំហ៊ុមព័ទ្ធ                  សរសើរគ្រប់មាត់ថាអាជាប់គុក។
បើអូនបានដឹងតាំងពីដំបូង                      ទោះបងលួងលោមដល់ក្នុងបន្ទប់
នឹងឆ្លើយថាទេទោះមានបន្ទុក                 អ្នកម្តាយឪពុកបង្ខំរៀបការ។
ខ្ញុំសុំស្មារលាប្តីកិត្តិយស                         រស់នៅមានឈ្មោះប្តីឥតបានការ
មិនចេះរកលុយចេះត្រឹមផឹកស្រា             ឱះឱ! ទេព្តាកុំឱ្យជួបទៀត៕

ថ្ងៃ សៅរ៍ ១កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០/ ២៨ មករា ២០១៧